( ខេត្តកណ្តាល )
កាលពីរសៀលថ្ងៃច័ន្ទ ទី១៣ កេីត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនិងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរសារធារណៈការ និងដឹកជញ្ជូន ខេត្តកណ្តាល មានរៀបចំពិធីផ្ទេរភារកិច្ចប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ដោយលោក បូរី វង្សសានិត្យ ត្រូវបានមកទទួលតំណែងជាប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ជំនួសឲ្យ លោក មុឹង យូឡេង ត្រូវបានផ្លាស់ប្តូរទៅកាន់ជា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ។
គណៈធិបតីចូលរួមក្នុងពិធីប្រកាស និងផ្ទេរភារកិច្ចប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល រួមជាមួយឯកឧត្តម លោកជំទាវ តំណាងមន្រ្តី នៃកងកម្លាំងទាំងបី លោក លោកស្រី ជាមន្ត្រីចំណុះសាលាខេត្តជាច្រើនរូប ក៏មានវត្តមាននៅក្នុងពិធីនេះផងដែរ។
ជាកិច្ចចាប់ផ្ដើម លោក មុឹង យូឡេង ក៏បានឡើងធ្វេី គារវកិច្ចស្វាគមន៍គណៈធិបតី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមក្នុងពិធីថ្ងៃនេះ ព្រមទាំងអាននូវរបាយការណ៍ នៃសមិទ្ធិផលដែលសម្រេចបានកន្លងមក ក្នុងពេលដែលលោកនៅជាប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូន ខេត្តកណ្តាល។
បន្ទាប់មក ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក៏បានអញ្ជើញឡេីងមានចំណាប់អារម្មណ៍ អំពីស្នាដៃមួយចំនួន ដែលសម្រេចបាន ក្រោមកិច្ចសហប្រតិបត្តិការល្អ រវាងមន្ទីរសារធារណៈការ ជាមួយរដ្ឋបាលខេត្ត ក្នុងរយៈពេល៦ខែ គិតចាប់តាំងពីឯកឧត្តម បានមកកាន់ជាអភិបាលខេត្តកណ្តាល បេីទោះបីជានៅមានការងារមួយចំនួន នៅមិនទាន់សម្រេចបានជា លទ្ធផលមួយរយភាគរយក៏ដោយ។
ជាមួយគ្នានេះផងដែរ ឯកឧត្តម គណៈធិបតី រដ្ឋមន្ត្រីក្រសួងសាធារណការ ក៏បានអញ្ជើញមានប្រសាសន៍ សំណេះសំណាល ព្រមទាំងផ្តល់ជាអនុសាសន៍ល្អៗ ជូនទៅដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរសារធារណៈការ ខេត្តកណ្តាល ទាំងអស់ឲ្យខិតខំបំពេញភារកិច្ចបន្ត និងយកចិត្តទុកដាក់ ពុះពារឧបសគ្គ ដេីម្បីសម្រេចបាននូវសមិទ្ធផលដ៏គាប់ប្រសើរ ឆ្លើយតបនិងសំណូពរ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាជួយដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយេីង ឲ្យកាន់តែរីកចម្រេីនតទៅមុខបន្ថែមទៀត។
មុននឹងបញ្ចប់ពិធី គណៈធិបតីក៏បានផ្តល់ជាកិត្តិយស ធ្វេីជាសាក្ខីភាពក្នុងកិច្ច ប្រគល់អនុក្រឹត្យផ្ទេរភារកិច្ច និងត្រាជូនទៅដល់ លោក បូរី វង្សសានិត្យ ដែលទទួលភារកិច្ចជាប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ជំនួស លោក មុឹង យូឡេង ដែលត្រូវផ្លាស់ប្ដូរទៅ បំពេញភារកិច្ចជាប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ វិញ៕
អត្ថបទ : សេរីភាព ចក្រវាឡ
No comments:
Post a Comment